Sunday, January 5, 2014

អង្គការ​សង្គម​អភិរក្ស​សត្វព្រៃ បាន​អះអាងថា សត្វ​កេងកង​ធំ គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ ដែល​នៅតែ​បន្ត​មាន វត្តមាន និង​ដែន​ជម្រក នៅក្នុង​ប្រទេស​កម្ពុជា នៅឡើយ រហូតមកដល់​ពេលនេះ ប៉ុន្តែចំនួន​របស់​វា នៅតែ​មិនទាន់មាន​ការសិក្សា លំអិត​នៅឡើយ​។​
យោងតាម​ឯកសារ របស់​អង្គការ​សង្គម​អភិរក្ស​សត្វព្រៃ សត្វ​បក្សី​ប្រភេទ​នេះ ត្រូវបាន​គេ​ដឹងថា គឺ​ត្រូវបាន​កត់ត្រា​ថា វា​មាន​ដែន​ជំរក នៅក្នុង​ប្រទេស​កម្ពុជា តាំងតែ​ពី​ឆ្នាំ​១៩៦៤ ហើយ​មកដល់​បច្ចុប្បន្ន​នេះ ទោះបីជា​នៅ​មិន ទាន់ មានការ​សិក្សា​ស៊ី​ជំរៅ​ពី​វា ដូចជា ពពួកសត្វ​ត្មាត សត្វ​ក្ង ចង្កំ ក ស និង សត្វ​ក្រៀល តែ​គេ​នៅតែ​ដឹង និង​ឃើញ អំពី​វត្តមាន​របស់​វា នៅ​កម្ពុជា​នៅឡើយ​។​

​ឯកសារ​នោះ បាន​ឲ្យ​ដឹងថា សត្វ​បក្សី​ប្រភេទ​នេះ ត្រូវបាន​គេ​សន្និដ្ឋានថា មាននៅ​បណ្តា​ភ្នំ នៅ​ភូមិភាគ​និរតី នៃ​ប្រទេស និង​បានឃើញ​វត្តមាន​ខ្លះៗ នៅ​ព្រៃ ស្ថិតនៅ​ភូមិភាគ​ឦ​សាន្ត ជាពិសេស​គឺ ខេត្ត​មណ្ឌល​គិរី​។​

​បើទោះបីជា​បក្សី​ប្រភេទ​នេះ នៅមាន​វត្តមាន នៅ​កម្ពុជា ប៉ុន្តែ​វា​គឺជា​បក្សី នៅតែមាន​ព័ត៌មាន​តិចតួច​។ វត្តមាន​របស់​វា ត្រូវបាន​កត់ត្រា នៅក្នុង​ការសិក្សា អំពី​ជីវចំរុះ​នានា ជា​ញឹកញាប់ គ្រាន់តែ​គ្មាន​ឯកសារ ដែល​និយាយ​ចំ អំពី​ជីវសាស្ត្រ និង​ចំនួន​របស់​ពួកវា នៅក្នុង​ប្រទេស​ដដែល​។

​នៅក្នុង​អំឡុងពេល​ធ្វើកា​រ​អង្កេត​មួយ នៅ​តំបន់​ព្រៃ​ការពារ​ស្នូល គេ​ក៏បាន​ប្រទះឃើញ វត្តមាន​របស់​វា​ផងដែរ ជា ពិសេស គឺ តំបន់​ដែលមាន​ព្រំប្រទល់ ជាប់​នឹង​ព្រំដែន​វៀតណាម ដោយ​ទីនោះ គេ​បាន​រកឃើញ មាន​សំបុក​របស់​វា មួយចំនួន​។​

​សត្វ​កេងកង​ធំ គឺជា​បក្សី ដែល​ចូលចិត្ត​រស់នៅ និង​មាន​សំបុក​ពង​កូន​នៅ​ព្រៃ ដែលមាន​ដើមឈើ​ធំៗ និង ជា​ប្រភេទ​បក្សី​ស៊ី​ផ្លែឈើ​ធំៗ​ជា​អាហារ​។​ ​ក្រៅពី​កម្ពុជា វា​គឺជា​បក្សី ដែល​រស់នៅ​ក្នុងព្រៃ នៃ​តំបន់​ត្រូ​ពិ​ក​នានា នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​វា​កំពុងតែ​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ នៅ​ឡាវ និង​នៅ​ថៃ​។ ​រហូតមកដល់​ពេលនេះ វា​គឺជា​បក្សី មាន​បង្គួរ ដោយសារតែ​ការបាត់បង់​ដែន​ជំរក បណ្តាលមកពី​ការបាត់បង់​ព្រៃឈើ និង​ការ​ប្រមាញ់​ខុសច្បាប់​នានា​៕

0 comments:

Post a Comment